រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ នៅស្រុកទឹកផុស៕រ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ

– ថ្ងៃច័ន្ទ ៥កើត អាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពស ២៥៦៩ ត្រូវនិងថ្ងៃទី ៣០ ខែមិថុនា ២០២៥

(កំពង់ឆ្នាំង) នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពីធីបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ។

– ពិធីបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះកណ្តាល ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាប័នថ្នាក់ជាតិ, ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំខេត្ត, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក អ្នកគ្រូ, យុវជន,សិស្សានុសិស្ស, និងប្រជាពលរដ្ឋ សរុបប្រមាណ ១,០០០នាក់។

– ក្នុងឱកាស់បន្ទាប់មក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើសុន្ទរកថាស្វាគមន៍អំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច ស្ថានភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា ជាពិសេសសក្ដានុពលទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែងនៅទូទាំងខេត្តកំពង់ឆ្នាំង។
– ជាមួយគ្នានេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយចំពោះរីកចម្រើននៃវិស័យទេសចរណ៍ ដែលបានរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋ និងលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិ ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ត្រដែតក្នុងឆាកអន្តរជាតិ។
– ឯកឧត្តរដ្ឋមន្រ្ដីបន្តថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំបន្តវេនដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០» តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល»។
– ក្នុងនោះក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទពីផ្លូវក្រាលដីស និងផ្លូវល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងប្រកបដោយភាពធន់ ដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចពាក្យស្លោក («មានផ្លូវគឺមានក្តីសង្ឃឹម»)
– ជាក់ស្ដែង ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ មានប្រវែងសរុប ៤១,១០គ.ម នាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ៦៨៨២ គ្រួសារ ស្មើនឹង ២៨ ៥៩៨នាក់ រស់នៅក្នុងភូមិចំនួន ១២ឃុំ ចំនួន៤ គឺឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាពិសេសជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។
ភាពរីកចម្រើនទាំងអស់នេះគឺដោយសារថ្នាក់នាំឈ្លាសវៃប៉ិនប្រសប់ មានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេច បវរធិបតី ហ៊ុន មា៉ណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

-បន្ទាប់មកតំណាងឲ្យប្រជាពលរដ្ឋ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសគឺសម្ដេចបវរធិបតហ៊ុន មា៉ណែត លោកតែងតែយកចិត្តទុកដាក់និងសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ជាក់ស្ដែងថ្ងៃនេះ សម្ដេច បានផ្ដល់ផ្លូវចំនួន៣ខ្សែរ ជាចំណងដៃជូនប្រជាពលរដ្ឋយើងខ្ញុំ តាំងនាមជួបមុខតំណាងឱ្យប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណនិងសូមប្រសិទ្ធិពរ និងជូនពរជ័យជូនថ្នាក់ដឹកនាំគ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសសូមប្រសិទ្ធិពរជ័យជូនសម្ដេចបបរអធិបតីព្រមទាំងលោកជំទាវ សូមជួបតែពុទ្ធពរ ៤ ប្រការគឺអាយុ វណ្ណៈសុខៈពលកុំបី ឃ្លាឃ្លាតឡើយ៕

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងទាំងពីរ និងគណៈអធិបតី បានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបបើកឱ្យដំណើរការការដ្ឋានសាងសង់ផ្លូវទាំង ៣ខ្សែខាងលើ៕

– បន្ទាប់មកថ្នាក់ដឹកនាំ បានអញ្ជើបន្តដំណើរទៅពិនិត្យស្ថានភាពរមនីយ៍ដ្ឋានតំបន់ទឹកធ្លាក់ថ្មដា ដែលស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕