ក្បួនហាត់សម នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង

ក្បួនហាត់សម នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង

(ខេត្តកំពង់ឆ្នាំង)ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បងបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីលានព្រះស្រែមុខសាលាខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

ព្រះរាជពិធីច្រត់ព្រះនង្គ័លសាកល្បង ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ ត្រូវបានប្រារព្ឋដង្ហែរចេញពី សាលាខេត្តកំពង់ឆ្នាំង ដែលមាន ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាស្ដេចមាឃ ចំណែកព្រះមេហួរ គឺលោកជំទាវ ផាត សុផានី ស៊ុនសុវណ្ណារិទ្ធិ ។
– ក្បួនដង្ហែស្ដេចមាឃនិងព្រះមេហួ បានចេញពីសាលាខេត្តកំពង់ឆ្នាំងចូលមកទីលានព្រះស្រែដែលមានទីតាំងនៅមុខសាលាខេត្ត។ មុនចេញដំណើរច្រត់ព្រះនង្គ័លនៅវាលព្រះស្រែ ដែលរៀបចំដោយស្ដេចមាឃ និងមេហួរ បានចូលទៅថ្វាយបង្គំនៅរោងមណ្ឌលនារតី ដោយការប្រគុំពិណពាទ្យយ៉ាងគគ្រឹកគគ្រេង។នង្គ័លដែលត្រូវធ្វើពិធីហាត់សមមានចំនួន ៣ គឺ នង្គ័លមុខហៅថានង្គ័លយោង នង្គ័លកណ្ដាលកាន់ដោយស្ដេចមាឃ និងនង្គ័លដើរក្រោយមួយ។ចំណែកមេហួ ដើរពីក្រោយនង្គ័ល ទាំង៣ហើយបាចពូជស្រូវទៅឆ្វេងទៅស្ដាំ ។ក្បួនហែរច្រត់ព្រះនង្គ័លនេះបានប្រព្រឹត្តទៅចំនួន ៣ ជុំ ព្រះស្រែ រួចមកឈប់នៅមុខរោងទិសបូព៌។បន្តមកទៀតក្រុម បរោហិត សូត្រអធិដ្ឋានរួចលែងគោឧសភរាជឱ្យទៅស៊ីរបស់ចំនួន ៧ មុខដែលរៀបចំតាំងនៅលើតុប្រាក់មុខព្រះពន្លា។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះគឺ
ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរត្រៀមខ្លួនចំពោះរដូវធ្វើស្រែចម្ការចូលដល់ហើយ។
សូមបញ្ជាក់ថារយៈពេលប៉ុន្មានថ្ងៃនេះអាជ្ញាធរខេត្តកំពង់ឆ្នាំងបានខិតខំរៀបចំ សោភ័ណភាព ផ្លូវថ្នល់ កែលម្អសួនច្បារ បំពាក់ភ្លើងបំភ្លឺនិងភ្លើងចម្រុះពណ៌ ដើម្បីត្រៀមរៀបចំ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា៕