រដ្ឋបាលខេត្តកំពង់ឆ្នាំង ច្រានចោលទាំងស្រុង លើការចុះផ្សាយសារព័ត៌មាន STD News 24h លើការចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ២៤៩ គ្រួសារ៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង ច្រានចោលទាំងស្រុង លើការចុះផ្សាយសារព័ត៌មាន STD News 24h លើការចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ២៤៩ គ្រួសារ ភូមិសាង ឃុំប្រស្មីប ស្រុករលាប្អៀរ អោយគេហទំព័រ STD News 24h ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយជាសាធារណ:ឡើងវិញ
—–
កំពង់ឆ្នាំង: ឯកឧត្តម សាន់ យូ ជាអភិបាលរង និងជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត បានថ្លែងថា ការចុះផ្សាយរបស់សារព័ត៌មាន STD News 24h កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ អំពីបញ្ហាដីសម្បទានសង្គមកិច្ច ដែលមានខ្លឹមសារ (ខេត្តកំពង់ឆ្នាំង ដកដីព្រៃ សហគមន៍ព្រៃឈើ ភូមិស្អង ចំនួន ៣២២ ហិចតា ក្នុងចំណោមផ្ទៃដីសហគមន៍សរុប ៥២២ ហិចតា មកជាដីសម្បទានសង្គមកិច្ច ក្រោមលេសចែកជូនពលរដ្ឋ ២៤៩គ្រួសារ ខណៈដែលប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ពលរដ្ឋក្រីក្រពិតប្រាកដមានត្រឹម ៧០ គ្រួសារប៉ុណ្ណោះ មួយទៀតបារម្ភពីត្រង់ពលរដ្ឋក្រីក្រពិតប្រាកដ ពុំបានដី បែរជាទៅបានអ្នកមាន អ្នកធំ ដែលមានបុណ្យស័ក ) ។

ឯកឧត្តមថ្លែងថា ការចុះផ្សាយរបស់សារព័ត៌មាន STD News 24h ខុសការពិតមិនមានមូលដ្ឋានច្បាស់លាស់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ..ត្រឹមតែឮប្រជាពលរដ្ឋរាយការណ៍ឲ្យប៉ុណ្ណោះ នេះរដ្ឋបាលខេត្តច្រានចោលទាំងស្រុង។ អ្នកនាំពាក្យរដ្ឋបាលខេត្ត សុំអោយគេហទំព័រ STD News 24h ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយជាសាធារណ:ឡើងវិញ ជៀសវាងការយល់ច្រឡំពីសាធារណ:មតិ។

ក្រោយពីបានពិនិត្យលើខ្លឹមសាររួច ឯកឧត្តមអភិបាលរងខេត្ត បញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលត្រូវទទួលបានដីសម្បទានសង្គមកិច្ច មានចំនួន ២៤៩ គ្រួសារ (ជាប្រភេទក្រ១ និងក្រ២ ) ដោយបានឆ្លងកាត់ចាប់ឆ្នោតយកក្បាលដី ការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ សម្រាប់តែប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំប្រស្នឹបប៉ុណ្ណោះ ពលរដ្ឋក្រៅពីឃុំប្រស្និប គឺមិនអនុញ្ញាតផ្តល់ជូនឡើយ ហើយបានអនុវត្តជាច្រើនដំណាក់កាលតាំងពីឆ្នាំ ២០២១។

ថ្មីៗនេះ សារព័ត៌មាន STD News 24h ចុះផ្សាយអំពីបញ្ហាដីអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និង ការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅក្នុងភូមិសាង ឃុំប្រស្មីប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានលើកឡើងថា អាជ្ញាធរប្រើលេសចែកដី សម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋរហូតដល់ ២៤៩ គ្រួសារ ដោយបានប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ពលរដ្ឋក្រីក្រពិតប្រាកដមានតែ ៧០ គ្រួសារ និងបារម្មថា ពលរដ្ឋក្រីក្រពិតប្រាកដ បែរជាមិនបានដី បែរជាបានទៅលើអ្នកមាន និងអ្នកមានបុណ្យស័កទៅវិញ។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការបែងចែកដីធ្លីជូនប្រជាពលរដ្ឋក្រីក្រស៊ីវិលសម្រាប់ តាំងទីលំនៅនិងធ្វើ កសិកម្មជាលក្ខណៈគ្រួសារ តាមកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។ ទំហំដីសម្រាប់អនុវត្តគម្រោង LASED III នេះ មានតែ ៣២២ ហិកតា ប៉ុណ្ណោះ និងទទួលបានអនុក្រឹត្យ អនុបយោគពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ (អនុក្រឹត្យ អនុបយោគលេខ ១២៤ អនក្រ.បក ចុះ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣) ចំណែក ២០០ ហិកតាទៀតជាដីព្រៃ និងដីត្រពាំង រក្សាទុកសម្រាប់បម្រើ ផលប្រយោជន៍រួមនៅក្នុងសហគមន៍ ។

ក្រោយពីបានអនុវត្តជាច្រើនដំណាក់កាល បានធ្វើការផ្សព្វផ្សាយអំពីការដាក់ពាក្យស្នើសុំដី ការដាក់ពិន្ទុតាមលក្ខណៈវិនិច្ឆ័យ និងបានបិទផ្សាយជាសាធារណៈនៅ គ្រប់ជំហានស្របតាមគោលការណ៍ណែនាំរបស់គម្រោង ដោយមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ មានអាជ្ញាធរ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងព្រះសង្ឃផងដែរ ក្នុងនោះ ចែកពាក្យ បានចំនួន ៥៦៣ គ្រួសារ និងទទួលពាក្យ ចំនួន ៥៥៦ គ្រួសារ សុទ្ធសឹងតែជាប្រជាពលរដ្ឋនៅក្នុងភូមិទាំង ៧ នៃឃុំប្រស្លឹប ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ក្រៅឃុំមកដាក់ពាក្យនោះទេ ។

បច្ចុប្បន្ន ក្រុមហ៊ុន Taing Cheng Oing Construction and Import Export co., Ltd ដែលចុះកិច្ចសន្យា ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឈូសឆាយសម្អាតដី និងប្រព័ន្ធផ្លូវ នៅអំឡុងខែឧសភា ឆ្នាំ២០២៤ ដើម្បីត្រៀមឱ្យប្រជាពលរដ្ឋដែលជាសម្បទានិកចូលទៅតាំងទីលំនៅ និងអាស្រ័យផលទៅតាមលេខឡូតិ៍ ដែលពួកគាត់ចាប់ឆ្នោតបាន បានឈូសឆាយររៀបចំផ្លូវមេចូលទៅទីតាំងដីលំនៅឋាន (ទំហំ ៣០ ម៉ែត្រ) រួចរាល់ បានឈូសឆាយរៀបចំផ្លូវក្នុងដីលំនៅឋានបានចំនួន ៦ ខ្សែបានឈូសឆាយរៀបចំផ្លូវក្នុងដឹកសិកម្មបានចំនួន ៦ ខ្សែបានឈូសឆាយ សម្អាតដីឡូតិ៍លំនៅឋានបាន ចំនួន ១៨៨ ក្បាលដី និងដឹកសិកម្មបាន ចំនួន ៥៧ ក្បាលដី ។