ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីចូលរួមប្រារព្វអង្គមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២៤)

ឯកឧត្តម វង្សី វិស្សុត អញ្ជើញជាអធិបតីចូលរួមប្រារព្វអង្គមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩
– ៧មករា ២០២៤)

ចេញផ្សាយថ្ងៃ១៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ជស័ក ពស ២៥៦៧ ត្រូវថ្ងៃទី១០ ខែមករា ២០២៤ ដោយគេហទំព័រ សម្លេងម្ចាស់ស្រុក ៕

(កំពង់ឆ្នាំង) នាព្រឹកថ្ងៃទី១០ ខែមករា ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសួនច្បារវិមានឯករាជ្យ ទីរួមខេត្តកំពង់ឆ្នាំង។

អង្គពិធីដ៏មហោឡារិកនេះ មានការនិមន្តចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារចុះមូលដ្ឋាន គណៈអភិបាល និងក្រុមប្រឹក្សាខេត្ត ស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធ ប្រធាននិងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ អ្នកមុខអ្នកការ ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ១ម៉ឺន អង្គ/នាក់។

(សូមបញ្ជាក៉) ព្រឹត្តិការណ៌នេះជាប្រវត្តិសាស្ត្រ ហើយក៏មានការសម្តែងអំពីឈុតឆាក នៃសោកនាកដកម្ម អំពើឃោរឃៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ ទុក្ខលំបាកវេទនាដ៏ឈឺចាប់ខ្លោចផ្សាក្នុងរបបដ៏សាហាវយង់ឃ្នងនោះ និងការរំដោះខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដណ្តើមជ័យជម្នះពីបនក្បត់នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដើម្បីជាការពញ្ញាក់អារម្មណ៍មហាជន ឱ្យនឹកឃើញនូវការលះបង់ ដ៏មហាពលិកម្មយ៉ាងធំធេង និងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន និងជាតិមាតុភូមិ។

– បន្ទាប់មក ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឡើងអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាខ្លឹមសារនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ដ៏មហោឡារឹក ដែលជាថ្ងៃបុណ្យជាតិរបស់ប្រជាជនកម្ពុជា ជាស្មារតីចងចាំជានិច្ចនូវការរួចផុតពីរបបប្រល័យពូជសាសន៍។

– ជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ និងរីករាយ ជាមួយនឹងអំណរសាទរ ទិវាជ័យជម្នះ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។
– ប្រជាពលរដ្ឋគ្រប់រូបចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីសេចក្តីស្លាប់ រហូតដល់បច្ចុប្បន្ន និងមានការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕